បេក្ខជន ៤ រូប ជាប់ជាសហគ្រិនឆ្នើមវ័យក្មេងរបស់កម្ពុជាប្រចាំឆ្នាំ ២០១៥
លោក អៀ អ៊ុយ ប្រធានក្រុមហ៊ុន Osja Studio បានទទួលពានរង្វាន់ High Tech Award ខណៈលោកស្រី ងន វ៉ាន់ដា មកពីក្រុមហ៊ុន Color Silk Co.,Ltd បានទទួលពានរង្វាន់ Outstanding Social Business Award លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន នំស្រួយ លី លី បានទទួលពានរង្វាន់ Outstanding Woman Entrepreneur Award និង លោក ឃន ឈុនតារ៉ា ជាម្ចាស់ និង អ្នកគ្រប់គ្រងទូទៅនៃហាងតែគុជ និង កាហ្វេ KOI Café បានទទួលពានរង្វាន់ Outstanding Business of The Year Award។
មុនឈានទៅវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី ៣០ ខែឧសភា ចុងសប្តាហ៍មុន ក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេង ដែលត្រូវបានប្រកាសនៅសណ្ឋាគារសុខាភ្នំពេញ មានបេក្ខជន ១២ រូប ត្រូវបានជ្រើសរើសក្នុងចំណោមសហគ្រិនជាង ១០០ ក្រុមហ៊ុន ដែលដាក់ពាក្យប្រកួតប្រជែង។
លោក សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន G Gear បានថ្លែងថា មុននឹងផ្តល់ពានរង្វាន់ដល់អ្នកចូលរួមប្រកួត យើងមានគណៈកម្មាធិការចំនួន១០រូប ដែលភាគច្រើនជាជនបរទេស ភ្ជាប់ទៅនឹងលក្ខ័ណ្ឌ ដូចជាសង្កេតទៅលើការចាប់ផ្តើមអាជីកម្មក្រុមហ៊ុន ការជួបសំភាស និងធ្វើទស្សនៈកិច្ចទៅបណ្តារក្រុមហ៊ុនទាំងអស់នោះ បើទោះជាក្រុមហ៊ុនខ្លះនៅខេត្តឆ្ងាយៗយ៉ាងណា។
លោកបន្ថែមថា ក្រុមហ៊ុនទាំង១២ ដែលបានជ្រើសរើសមកនេះ គឺមានលក្ខណៈល្អដូចគ្នា និងមានពិន្ទុខុសគ្នាតិចតួចប៉ុណ្ណោះ។ ដូច្នេះគោលបំណងនៅពេលនេះមិនផោ្តតទៅលើការឈ្នះ ឫចាញ់នោះទេ ចំណុចសំខាន់គឺចង់លើកទឹកចិត្តដល់សហគ្រិនវ័យក្មេងកម្ពុជាប្រកបអាជីវកម្មឱ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ និងជួយផ្សព្វផ្សាយបន្ថែមឱ្យក្រុមហ៊ុនទាំងនោះបន្តនិរន្តភាពអាជីវកម្មទៅមុខទៀត។ “បន្ទាប់ពីបានចូលរួមប្រកួតប្រជែងក្រុមហ៊ុនទាំងអស់ នឹងបានដឹងនូវចំណុចខ្វះខាតរបស់គាត់នៅកន្លែងណា? ហើយគាត់គួរបន្ត Business គាត់របៀបម៉េចតទៅទៀត។ ដូច្នេះការរៀបចំជាពានរង្វាន់បែបនេះប្រៀបបាននឹងការលើកទឹកចិត្តឱ្យគាត់ប្រឹងប្រែងថែមទៀត ដើម្បីឱ្យក្រុមហ៊ុនគាត់កាន់តែរីកចម្រើន”។
ទន្ទឹមគ្នានេះ ឯកឧត្តម សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហ៍កម្ម និងសិប្បកម្មមានប្រសាសន៍គាំទ្រទាំងស្រុងនូវការរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសសហគ្រិនឆ្នើមវ័យក្មេង និងចាត់ទុកសហគ្រិនទាំងអស់គឺជាឆ្អឹងខ្នងដ៏សំខាន់នាំឱ្យសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន៕
លោក អៀ អ៊ុយ ប្រធានក្រុមហ៊ុន Osja Studio