តើត្រូវធ្វើបែបណាដើម្បីអប់រំកូនឱ្យក្លាយជាមនុស្សល្អ?
មនុស្សនិងសង្គម |
ខ្លួនយើងជាឪពុកម្ដាយ ត្រូវធ្វើគម្រូល្អៗដល់កូនដូចជាខ្លួនទាំងពីរនាក់ត្រូវមានសីល ៥ ជាពុទ្ធសាសនិកជន មានសម្មាទិដ្ឋិ ចិញ្ចឹមឪពុកម្ដាយរបស់យើង។ បើយើងឆ្លាតនោះយើងត្រូវអញ្ជើញឪពុកម្ដាយរបស់យើងមកនៅជាមួយ ដើម្បីចិញ្ចឹមថែរក្សាគាត់រៀងរាល់ថ្ងៃ។
ួ
័៧
ពេលបាយទឹក រៀបចំបាយទឹកដាក់ថាស ជូនចំពោះគាត់ដោយគោរព មិនមែនធ្វើដើម្បីឲ្យគេសរសើរ ឬយកមុខមាត់នោះទេ គឺត្រូវធ្វើដើម្បីបុណក្យកុសលដ៏ធំធេងរបស់យើង និងដើម្បីតបគុណចំពោះលោកទាំងពីរដែលមានឧបការគុណដ៏ធំក្រៃលែង មិនមានអ្វីយកមកប្រៀបស្មើបាន ហើយទុកជាគម្រូល្អឲ្យដល់កូនយើងផងដែរ។ ត្រូវចេះទិញកាស្សែតធម៌ ឬ វិទ្យុជូនគាត់ ដើម្បីឲ្យគាត់បានស្ដាប់ធម៌ រៀងរាល់ថ្ងៃ ព្រោះថាគាត់ចាស់ហើយ ចូលដល់បច្ឆិមវ័យហើយ មិនមានទីពឹងក្រៅពីព្រះធម៌ឡើយ។
ពេលថ្ងៃសីលរៀបចំម្ហូបម្ហារឲ្យគាត់ទៅវត្តវ៉ា សមាទានសីល ដើម្បីបានជាបុញ្ញនិធិដល់គាត់សម្រាប់ទៅបរលោក មិនត្រូវខ្ជិលច្រអូសឬ មើលងាយមើលថោកគាត់ជាដាច់ខាត ពេលគាត់នៅជាមួយយើងឡើយ។ កាលយើងចេះដឹងគុណឪពុកម្ដាយខ្លួនយើងកូននៅជាមួយយើងតែងតែឃើញផ្ទាល់នឹងភ្នែក ឮផ្ទាល់នឹងត្រចៀកពេលកូនទាំងអស់នោះធំឡើង នឹងត្រូវដឹងគុណយើង ដូចយើងដឹងគុណឪពុកម្ដាយយើងយ៉ាងនោះដែរ។ តែផ្ទុយទៅវិញ យើងមាត់តូចមាត់ធំដាក់ឪពុកម្ដាយយើង ប្រើពាក្យមិនពីរោះចំពោះគាត់ កូនយើងឃើញគម្រូនេះនឹងមិនដឹងគុណយើង ដូចយើងធ្វើចំពោះឪពុកម្ដាយយើងយ៉ាងនោះដែរ។

ពេលមានកម្មវិធីបុណ្យព្រះពុទ្ធសាសនា មានបុណ្យពិសាខបូជា អាសាឡបូជា មាឃបូជា ត្រូវនាំកូនទៅចូលរួមក្នុងពិធីបុណ្យនោះ ហើយមិនត្រូវឲ្យកូនដើរលេងឥតប្រយោជន៍ទេ ត្រូវបង្រៀនកូនឲ្យចេះសំពះព្រះពុទ្ធរូប នឹងព្រះសង្ឃ ហើយនាំកូនបូជាប្រទីប ចំពោះព្រះរតនត្រ័យ។ កាលនាំកូនទៅបុណ្យនោះ មិនត្រូវស្ងៀមៗឥតប្រយោជន៍ ត្រូវបង្ហាញកូនពីបុណ្យនីមួយៗ អានិសង្សនៃបុណ្យ ប្រវត្តិរឿងរ៉ាវរបស់បុណ្យទាំងនោះ ឬចូលទៅក្នុងព្រះវិហារឃើញគំនូរតាមជញ្ជាំង ត្រូវពន្យល់ប្រាប់រឿងនីមួយៗ ឲ្យច្បាស់លាស់ដល់កូន រហូតកូនអាចចងចាំរឿងនោះបាន ចំណុចនេះសំខាន់ណាស់ អាចធ្វើឲ្យកូនយើងមានសម្មាទិដ្ឋិជឿបាបបុណ្យ គុណទោស និងជាអ្នកមានគុណធម៌ដុះក្នុងខ្លួនជាប់ជានិស្ស័យជាមនុស្សល្អរហូតដល់ចាស់ទុំ។ ម្យ៉ាងទៀតក្នុងកម្មវិធីបុណ្យក្នុងវត្តអារាមផ្សេងៗមានភ្ជុំបិណ្ឌជាដើម ត្រូវនាំកូនយើងទៅចូលរួមផង ដើម្បីឲ្យកូនយើងមាននិស្ស័យក្នុងកាលធ្វើបុណ្យទានតទៅខាងមុខ ក្រោយអស់ពីយើងទៅ និង បានជួយថែរក្សាទនៀមទម្លាប់ខ្មែរយើង។ តំណតទៅខាងមុខកូននឹងធ្លាប់ធ្វើបុណ្យទានតាមឪពុកម្ដាយពីមុន គេនឹងជាអ្នករួមចំណែកជួយព្រះពុទ្ធសាសនាឲ្យស្ថិតស្ថេរចីរកាលអស់កាលយូអង្វែង៕
អត្ថបទ៖ ដេវីដ
ប្រភព៖ សៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ប្រភព៖ សៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌