Wednesday, May 27, 2015

ក្រៅ​ពី​ក្រអូប​ផ្អែម​ឆ្ងាញ់ ​ផ្លែ​ខ្នុរ​មាន​ប្រយោជន៍​​ច្រើន​ចំពោះ​សុខភាព

ខ្នុរ​​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​​ដែល​​​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា​ ​ដោយ​សារ​​តែ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា​​ និង​មាន​ក្លិន​ក្រអូប​គួរ​ឲ្យ​ចង់​ញ៉ាំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ខ្នុរ​​ក៏​មាន​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​ជា​ច្រើន​ផង​ដែរ ដូច​បង្ហាញ​ខាង​ក្រោម​នេះ​ស្រាប់៖
១. ផ្លែ​ខ្នុរ​ផ្ទុក​​ជាតិ​ប៉ូតាស្យូម​ ដែល​​អាច​ជួយ​រក្សា​​សំពាធ​ឈាម​ឲ្យ​មាន​តុល្យភាព​ និង​បង្ការ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។

២. សាច់​ខ្នុរ​មាន​សារធាតុ​កាបូនអ៊ីដ្រាត ​​និង​ជាតិ​ស្ករ​ដែល​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​ ហើយ​ជា​ពិសេស​វា​អាច​ជួយ​ឲ្យ​ដំណើរ​ឈាម​រត់​​ទៀង​ធម្មតា។

៣. ផ្លែ​ខ្នុរ​​មាន​ផ្ទុក​វីតាមីន​សំខាន់ៗ​ដូច​ជា​វីតាមីន​C ដែល​ជួយ​ការពារ​ប្រព័ន្ធ​​ភាព​ស៊ាំ​​ប្រឆាំង​ជំងឺ និង​មាន​សារសំខាន់​ជួយ​រក្សា​ស្បែក ធ្មេញ និង​ឆ្អឹង ម៉្យាង​ទៀត​វា​ក៏​មាន​ផ្ទុក​វីតាមីន​A ដែល​ជា​ជំនួយ​ដល់​ភ្នែក​ផង​ដែរ។
៤. សារធាតុ​ពណ៌​លឿង​ស្រស់​របស់​សាច់​ខ្នុរ​ដើរ​តួ​ជា​សារធាតុ​អុកស៊ីតកម្ម​ជួយ​ការពារ​កោសិកា និង​ប្រឆាំង​ទៅ​នឹង​ជំងឺ​មហារីក​ ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​ជួយ​ពន្យារ​ភាព​ចាស់​​ទៀត​ផង។

៥. ខ្នុរ​ផ្ទុក​សមាសធាតុ​ល្អៗ ជា​ច្រើន ដូច​ជា​ កាល់ស្យូម ម៉ាញេសូម​សម្រាប់​ការពារ​ធ្មេញ​ និង​ឆ្អឹង​ ជាតិ​ដែក​សម្រាប់​ការ​ផលិត​គ្រាប់​ឈាម​ក្រហម និង​ជាតិ​ទង់ដែង​ដែល​ជួយ​រក្សា​តុល្យភាព​នៃ​ការ​ផលិត​អ័រម៉ូន​ ព្រម​ទាំង​ជួយ​​បន្ថយ​អាការៈ​អន្ទះអន្ទែង​​ផង​ដែរ។

៦. ញ៉ាំ​ផ្លែ​ខ្នុរ​​មាន​ជាតិ​សរសៃ​Fiber ដែល​វា​ពិសេស​សម្រាប់​​​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ៕